US Agency for Global Media USAGM

News and Information from Around the World

Items
5 Jun 2026, 14:02 GMT ប្រាជ្ញ ចេវ

ការដោះលែងលោក កឹម សុខា ឲ្យមានសេរីភាព ប៉ុន្តែមិនផ្ដល់សិទ្ធិឲ្យលោកធ្វើនយោបាយ ត្រូវបានគេមើលឃើញថា គ្រាន់តែជារូបភាពបោកបញ្ជោតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្លំភ្នែកពលរដ្ឋនិងសហគមន៍អន្តរជាតិ ឲ្យមើលឃើញថា កម្ពុជាកំពុងមានការបង្រួមបង្រួមជាតិនិងសាមគ្គីជាតិ។ ការដោះលែងលោក កឹម សុខា ឲ្យមានសេរីភាព ប៉ុន្តែមិនផ្ដល់សិទ្ធិឲ្យលោកធ្វើនយោបាយ ជាល្បិចបញ្ឆោតរបស់លោក ហ៊ុន សែន៕ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីលោក ស៊ឹង សែនករុណា បានលើកឡើងថា ការបោកបញ្ជោតនេះ នឹងមិនអាចធ្វើឲ្យពលរដ្ឋនិងសហគមន៍អន្តរជាតិជឿជាក់ឡើយ ពីព្រោះលោក ហ៊ុន សែន ហាក់នៅខ្លាចលោក កឹម សុខា វិលចូលធ្វើនយោបាយឡើងវិញ។ ធម្មតា នៅក្នុងប្រទេសប្រជាធិបតេយ្យ មេដឹកនាំនយោបាយ គេមានសិទ្ធិក្នុងការអនុវត្ត ផ្នែកសិទ្ធិសេរីភាពនយោបាយហ្នឹង ប៉ុន្តែប្រសិនបើអ្នកនយោបាយមួយ ត្រូវបានរឹតត្បិតដោយច្បាប់ចេញពីមាត់មេដឹកនាំគណបក្សប្រកួតប្រជែងមួយទៀត អ៊ីចឹង តើគេមើលមកថា វាជាសេរីភាពពិតប្រាកដ ឬជាការបង្កើតសាមគ្គីភាពជាតិ រួបរួមជាតិ មិនអាចធ្វើទៅបានទេ។ វាលុះត្រាតែ បើកលំហសេរីភាព ទី១ មិនមែនត្រឹមលោក កឹម សុខា មានសេរីភាពទេ ត្រូវផ្ដល់សិទ្ធិពេញលេញទាំងផ្នែកនយោបាយ ទាំងការដើរហើរដោយសេរី ស្របតាមកតិកាសញ្ញា និងអនុសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ។ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរលោក ស៊ឹង សែនកុរណា ការលើកឡើងនេះ បានធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះលើហ្វេសប៊ុកថា ការដែលឪពុករបស់លោក គឺលោក ហ៊ុន សែន បានចុះហត្ថលេខាលើព្រះរាជក្រឹត្យក្នុងនាមជាប្រមុខរដ្ឋស្ដីទី ដើម្បីលើកលែងទោសជាប់ពន្ធនាគារ២៧ឆ្នាំឲ្យលោក កឹម សុខា គឺជាជំហានមួយបន្ថែម ក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ។ ទោះជាយ៉ាងណា ព្រះរាជក្រឹត្យបានបញ្ជាក់ថា ទោសបន្ថែម ដែលបានដាក់បម្រាមមិនឲ្យលោក កឹម សុខា មានសិទ្ធិធ្វើនយោបាយ និងចេញទៅក្រៅប្រទេស មិនត្រូវបានលើកលែងឡើយ។ ការលើកលែងទោសជាប់ឃុំនេះ ក្រោយពីលោក កឹម សុខា តាមរយៈមេធាវី បានដាក់លិខិតទៅប្រធានសាលាឧទ្ធរណ៍ថា មិនប្ដឹងសារទុក្ខទៅតុលាការកំពូលនោះទេ បើទោះជាលោកមិនបានទទួលយកការសម្រេចផ្ដន្ទាទោសក្ដី។ ម្យ៉ាងវិញទៀត ការសម្រេចរបស់លោក ហ៊ុន សែន ដើម្បីលើកលែងទោសឲ្យលោក កឹម សុខា គឺក្រោយពីមេបក្សប្រឆាំងរូបនេះ បានលើកឡើងពីបំណងឈប់ខ្វាយខ្វល់រឿងនយោបាយ ហើយគ្រាន់តែចង់បួសសងគុណម្ដាយ និងមើលថែម្ដាយដែលកំពុងឈឺចាស់ជរាប៉ុណ្ណោះ ប្រសិនបើមានសេរីភាព។ ក្រុមប្រទេសប្រជាធិបតេយ្យធំៗ ដូចជាសហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងប្រទេសអូស្ដ្រាលីជាដើម បានស្វាគមន៍ចំពោះការលើកលែងទោសឲ្យលោក កឹម សុខា ប៉ុន្តែប្រទេសទាំងនោះបានគូសបញ្ជាក់ជាថ្មីថា ពួកគេនៅតែចង់ឃើញកម្ពុជា បើកលំហសេរីភាពផ្នែកនយោបាយដ៏ពិតប្រាកដមួយ៕ កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download options
22 May 2026, 02:18 GMT ប្រាជ្ញ ចេវ

រដ្ឋាភិបាល​លោក​ ហ៊ុន ម៉ាណែត​ យល់​ព្រម​លើ​កិច្ចព្រមព្រៀង​ថ្មី​ ទើបថៃ​យល់​ព្រម​វិល​ចូល​តុ​ចរចា។

Download Video
RFA logo
Video
Credit: ប្រាជ្ញ ចេវ
22 May 2026, 02:18 GMT ប្រាជ្ញ ចេវ

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា​លោក គឹម សុខ​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថាកងទ័ព​ថៃ​នឹង​បន្ត​អុកឡុក​ចូល​ទន្ទ្រាន​យក​ដីខ្មែរ​នៅតាម​ព្រំដែន​រហូត​ទាល់តែ​រដ្ឋាភិបាល​លោក​ ហ៊ុន​ ម៉ាណែត​យល់​ព្រម​បង្កើត​កិច្ចព្រមព្រៀង​ថ្មី​មួយ​ដែល​ថៃ​ចង់​ដាក់​ប្រទេស​កម្ពុជា​ឱ្យ​ស្ថិត​នៅក្រោម​ឥទ្ធិពល​របស់​ខ្លួន។លោក​បាន​បន្ត​ថាយោធា​ថៃ​មិន​ខ្លាច​អុកឡុក​ខ្មែរ​ដោយ​សារ​ដឹង​ថា លោក ហ៊ុន​ ម៉ាណែត​ជា​មេដឹកនាំ​អន់ខ្សោយ​ប៉ុណ្ណោះ។ មន្ត្រីរដ្ឋាភិបាលនៅក្រៅប្រទេសបានមើលឃើញថា ថៃកំពុងប្រើមធ្យោបាយអុកឡុក ដើម្បីដាក់សម្ពាធឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត យល់ព្រមលើកិច្ចព្រមព្រៀងថ្មី៕ ថៃចង់ព្រមព្រៀងគ្នាលើរបស់ថ្មីទាំងអស់ ជាឧទាហរណ៍ គូសផែនទីថ្មីជាដើម គឺងាកចេញពីឯករសារនិងផែនទី ដែលបន្សល់ទុកដោយបារាំង ហើយថៃចង់ឱ្យដោះស្រាយគ្រប់ទំនាស់ទាំងអស់ និងការប្រទុស្ដគ្នា រវាងកម្ពុជានឹងថៃ ដោយប្រើយន្តការទ្វេភាគីតែមួយគត់ គឺមិនឆ្លងទៅដល់ស្ថាប័នអន្តរជាតិ នេះជាអ្វីដែលជាគោលដៅធំ នៅក្នុងកិច្ចព្រមព្រៀងថ្មី។ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា​លោក គឹម សុខ … ការ​លើកឡើង​នេះស្របពេល​រដ្ឋាភិបាល​ថៃមិន​ទាន់​បង្ហាញ​ជំហរ​វិល​ចូល​តុ​ចរចា​ដោះស្រាយ​បញ្ហា​ព្រំដែន​គោក​នៅ​ឡើយ​ដោយ​ទុក​ឱ្យ​កងទ័ព​បន្ត​ដើរ​រាយបន្លាលួស​និង​សាងសង់​របង​ដើម្បី​ខណ្ឌ​ព្រំដែន​ជា​ឯកតោភាគី។លើស​ពី​នេះ​កាល​ពី​អំឡុង​ខែ​មេសា​រដ្ឋមន្ត្រី​ការបរទេស​ថៃ​លោក​ ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ក៏​ចេញ​មក​បក​ស្រាយ​ថា​ថៃ​មិន​ដែល​យល់​ព្រម​ជាមួយ​កម្ពុជា​ក្នុង​ប្រើប្រាស់​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​(UNCLOS) ដើម្បី​ដោះស្រាយ​ដែនសមុទ្រ​ត្រួតស៊ីគ្នា​នោះ​ឡើយ​ក្រោយ​ពី​ថៃ​បាន​លុប​ចោល​ជា​ឯក​តោ​ភាគី​នូវ​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០១។ ប្រទេស​ថៃ​បាន​បដិសេធ​សំណើ​ជា​បន្តបន្ទាប់​ពី​កម្ពុជា​ក្នុងការ​វិល​ទៅ​ដោះស្រាយ​ជម្លោះ​ព្រំដែន​តាម​រយៈ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​គោក​(JBC)​ គឺ​ចាប់​តាំង​ពី​ការ​ធ្វើ​សង្គ្រាម​លើក​ទី​២​អស់​រយៈពេល​២០​ថ្ងៃ​កាល​ពី​ខែ​ធ្នូឆ្នាំ​២០២៥​ដែល​ឈ្លានពាន​បាន​ប្រាសាទនិង​ទឹកដី​ខ្មែរ​នៅ​តាម​ព្រំដែន។ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ាណែត​តែង​ប្រកាស​មិន​ទទួល​ស្គាល់​ការ​កំណត់​ខណ្ឌសីមា​ព្រំដែន​តាមរយៈ​ការ​ប្រើ​កម្លាំង​ឡើយ​និង​តែង​ទទូច​ឱ្យ​ថៃ​វិល​មក​ចរចា​និង​វាស់វែង​កំណត់​ព្រំដែន​គោក​ដោយ​ក្រុម​បច្ចេកទេស​ដែល​ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ឡើង​វិញ។លើស​ពី​នេះ​ លោក​ ហ៊ុន ម៉ាណែត​ និង​លោក ហ៊ុន សែន​ក៏​បាន​ប្រកាស​ទៀត​ថា​ទោះ​នៅ​សល់​ក្ដី​សង្ឃឹម​១​ភាគរយ​ក៏​លោក​ចង់​ចរចា​ដោយ​ទ្វេភាគី​ជាមួយ​ថៃ​ដែរ៕ កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download options